CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

August 05, 2015

កំណើត​របស់​មហា​ទស្សនៈ​វិទូ ខុង ជឺ

ប្រហែល​ជិត ២០០ឆ្នាំ​ មុន​គ.ស នៅ​ប្រទេស​ចិន​ខាង​ជើង កើត​មាន​រាជា​ណាចក្រ​មួយ​ប្រកប​ដោយ​អរិយធម៌ភ្លឺ​រុង​រឿង គឺ​រជ្ជកាល​មហាចាង ដែល​មាន​រាជ​ធានី​នៅ​ក្រុង​ ឆាង​ យ៉ាង។ អ្នក​ប្រាជ្ញ​ខាង​ប្រវត្តិ​វិទ្យា​សម័យ​ថ្មី​បាន​ដាក់​ឈ្មោះ​សម័យ​ដ៏​យូរ​ លង់នោះ ថា “យុគសំរិទ្ធិ”។ ប្រជា​ជន​អ្នក​នរគរ​មាន​ជីវភាព​ រស់​នៅ​យ៉ាង​សម្បូរ​សប្បាយ​ ព្រោះភោគ​ទ្រព្យ​ធម្ម​ជាតិ របរ​កសិកម្ម​នេសាទ និង​ការ​ចិញ្ចឹម​សត្វ​ជា​ដើម បាន​ជួយ​គាំ​ទ្រ​មនុស្ស​លោក​នៅ​ក្នុង​ទីនេះ​ឲ្យ​រួច​ចាក​ពី​ការ​ អត់ឃ្លានទុរភិក្ស។ តែ​លក្ខណៈ​សាសនា​ និង ​ជំនឿទៅ​លើ​លោក​ធាតុ ជា​គ្រឿង​សក្តិ​សិទ្ធិ ​ដែល​​សន្ត​តិវង្ស​ចាង បើក​ដៃ​ឲ្យ​សង្គម​ប្រពៃណី​ខ្លួន​អនុវត្តទៅ​លើ​ប្រជាជន​នោះ គឺ​ជា​ទុក្ខ​ចារកិច្ច​សម្រាប់​ប្រជា​ពលករ។ វា​មាន​លក្ខណៈ​ឃោរ​ឃៅ​ដែលអ្នក​ស្រុក​អ្នក​ភូមិ​ភ័យ​ខ្លាច​ជាង​សង្គ្រាម​របស់ ​អនារ្យ​ប្រជាគមសាប​ព្រោះ​មក​លើ​ពួកគេ​នោះ​ទៅទៀត។ សន្ត​តិវង្ស​ចាង បាន​បើក​ដៃ​ឲ្យ​អាចារ្យ​សាសនា​ប្រារព្វ​ពិធី​បូ​ជា​មនុស្ស​ កាប់​សម្លាប់​ប្រជាជន​រាប់​ពាន់​នាក់ និងសេះ​រាប់​រយក្បាល​ ជីកកប់​វត្ថុ​ដ៏​មាន​តម្លៃ​ផ្សេងៗ មាន​រថល្អៗ គ្រឿង​សាស្ត្រាវុធ​ យុទ្ធភណ្ឌ​ដែល​មាន​ដាំ​ត្បូង​គុជ​ មាស​ ពេជ្រ ព្រម​ទាំង​របស់​ប្រើ​ប្រាស់​ដ៏​មាន​តម្លៃ​ច្រើន​ទៀត ដូច​ជា​ផើងជើងបីធ្វើ​ពី​សំរិទ្ធិបញ្ចុះ​ទៅ​ក្នុង​ផ្នូរជាមួយ​នឹង​សាក​សព​ កាល​ណា​ព្រះ​មហាក្សត្រ​ ឬ​ញាតិវង្ស​ណាម្នាក់​ចូល​ទីវង្គតទៅ។ លក្ខណៈ​ជំនឿ​ទៅលើភាព “សក្តិសិទ្ធិ” នេះ​ពុំ​គ្រាន់​តែ​ស្ថិត​ក្នុង​រង្វង់​រាជ​វាំង​ប៉ុណ្ណោះ​ទេ តែ​វា​បាន​សាយ​ភាយ​សព្វ​គ្រប់​ច្រក​ល្ហក និង​ខាំ​ជាប់​ក្នុង​ផ្នត់​អារម្មណ៍​ប្រជាជន​ចិន​ទាំង​មូល សូម្បី​តែ​ជាង​ស្មិត ឬជាង​សាង​សាស្ត្រាវុធក៏​បាន​ប្រើ​វិធី​សម្លាប់​មនុស្ស​ ដើម្បី​យក​ឈាម​មក​ស្ល​លាយ​នៅ​ក្នុង​លោហធាតុ​របស់​ខ្លួន​ដែរ។ ម្យ៉ាង​ទៀត គេ​តែង​មានជំនឿ​ថា​ “មនុសស្​ដែល​គេ​ពិឃាត​ នឹង​ក្លាយ​ទៅ​ជា​អសុរកាយ ចាំ​ថែរក្សា​វត្ថុ​សក្តិ​សិទ្ធិ​ទាំងនេះ​អស់​កាល​ជា​អង្វែង​ទៅ”។ នៅ​សម័យ​មហា​ចាង មេទ័ព​ទាំង​ឡាយ ច្រើននាំ​គ្នា​គោរព​ភ្លើង​ហើយ​ព្រម​ទាំង​ចាត់​ទុក​ភ្លើង​ជា​អាទិទេព​របស់​ គេ។ តាម​គម្ពីរ​ចិន​ ដែល​ជា​ឯកសារ​កាលប្បវត្តិ​នោះ បាន​តំណាល​ថា៖ “កាល​នោះ មាន​នាម៉ឺន​ចាស់​ម្នាក់​ឈ្មោះ “ខុង” ជិនណាយ​នឹង​ជីវិត​កាប់​សម្លាប់​ និង​បូជា​របស់​សន្តតិវង្ស​ចាង ក៏​បាន​ភៀស​ខ្លួនចេញពី​រាជធានី អាង យ៉ាង ដោយ​នាំ​យក​ទាំង​គម្ពីរ​ក្បួន​ខ្នាត​ចាង ខ្លះ​យក​ទៅ​ជាមួយ​ផង ហើយ​បាន​តាំង​ទី​លំនៅ​លើ​ជ្រលង​ភ្នំ​មួយ​ឈ្មោះ​ “ភ្នំពពក”។ បើ​តាម​សម្តី​របស់​លោក វូ ជី “នាម៉ឺន​ខុង បាន​រស់​ក្នុង​សភាពជា​តាបស។ ប៉ុន្តែ​លោក​វូជី បាន​បញ្ជាក់ថា “ខុងពុំ​ជឿ​ទៅ​លើ​ព្រះអាទិទេព ឬ​ស្ថានសួគ៌អ្វីទេ គឺជឿទៅលើសេចក្តី​ស្ងប់​ស្ងាត់​ដែល​កើត​មាន​ក្នុង​អារម្មណ៍​គាត់​ប៉ុណ្ណោះ”។ ក្រោយ​មក​ ”ខុង” ក៏​បែកគំនិត​ថា “ការ​ធ្វើ​សមាធិកម្មរបស់គាត់​ជាអំពោះ​ដែល​មនុស្សជាន់​ខ្ពស់ ទើប​អាច​ឈោងដល់”។ ហើយ​តាំង​ពី​ថ្ងៃនោះមក គាត់​ក៏​មាន​ជំនឿថា “បើ​ព្រលឹង​របស់​គាត់​ផុត​រលត់​ទៅ​នៅពេលណា ហើយ​ប្រសិន​ជា​បាន​កើត​ជា​ថ្មី នោះនឹង​បាន​ស្អាត​ហើយ​បរិសុទ្ធជាង​អ្នក​ដទៃ ព្រោះ​ភ្នែកគាត់​ឈប់​មើល​ឃើញ​ការ​ពិឃាត​មនុស្ស​ទៀតហើយ”។ តាម​សម្តី​របស់​អ្នក​ប្រាជ្ញ​ លីជី (Legge) បាន​ពោលថា “គ្រួសារ​ខុង​រស់​នៅ​លើ​ ”ភ្នំពពក” អស់ ៦ តំណមនុស្ស​ទើប​រាជវង្ស​ចាងជំនាន់​ក្រោយ ហៅ​ឲ្យ​ចូលទៅ​បម្រើ​រាជ​វង្ស​ក្នុង​វាំង​ស្តេច​វិញ”។ ក្រោយ​មក​នៅពេល​អាណាចក្រ​ចាង ត្រូវ​ពួកអានារ្យ​ប្រជាគម​មក​ពី​ជ្រលង​ភ្នំវៃ (Wei) សម្លាប់​ផុត​ពូជហើយ ព្រម​ទាំង​យក​រាជ​វាំង អាង យ៉ាង ជាទីតាំង​របស់​ខ្លួន នោះ​មាន​សេបតី​ធំជា​ច្រើន​បាន​វេច​ខ្ចប់​ក្បួន​ខ្នាត​គម្ពីរ​ក្នុង​រាជ​វាំង ​ចាង យក​ទៅ​តាម​ខ្លួនគ្រប់គ្នា។ ដូច្នេះ​នៅ​ឆ្នាំ​ ១០២៧ មុនគ.ស ដែលពួកអានារ្យប្រជាគមបាន​គ្រប់​គ្រង​លើ​ទឹក​ដី ចាង ហើយ​ពួកនោះ​បាន​ដាក់​ឈ្មោះ​សន្ត​តិវង្ស​ខ្លួនថា ចូវ (Tcheou) រហូតមក។ សមាជិក​ត្រកូល​ ”ខុង” បាន​ភៀស​ខ្លួន​ទៅ​ពួន​បន្លំ​រស់​នៅ​ជាមួយ​ប្រជាជន​ក្នុង​រជ្ជកាល​ ចូវ​ អស់ ៥ តំណ​មនុស្សទៀត ទើប​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​រស់​នៅ​ក្នុង​ សន្តតិវង្សឈ្មោះ លូ នៅ​តាម​មាត់​ទន្លេ​លឿងនៃ​ស្រុក​ចាន់តុង។ គឺ​នៅ​ក្នុង​ដែន​ដី​នេះហើយ ដែល​គេ​ប្រទះ​ឃើញ​គ្រួសារ​មួយ​មាន​សមាជិក​បីនាក់គឺ ប្តីប្រពន្ធ និង​បាវ​បម្រើ​ប្រុស​ម្នាក់។ មេគ្រួសារមាន​ឋានៈ​ជាមេទ័ព​សង្កាត់​នៅ​ក្នុងអាណាចក្រ​លូ ជានាយ​ទាហាន​មាន​មុខងារ​បើក​បរ​រថ​ទឹម​ដោយសេះ ៦។ លោក វូជី បាន​ពោលថា ប្រហែល​ជា​គ្រួសារ​តូចនេះ​បាន​ទទួល​បណ្តាំពី​ដូន​តា​របស់ខ្លួន ពី​រឿង​អាថ៌កំបាំង​អ្វីមួយ​មុន​ពេល​ស្លាប់​ក៏ពុំ​ដឹង បាន​ជា​មេទ័ព​ក្មេងនេះ​បាន​លាលែង​ពី​ដំណែង​របស់ខ្លួន ហើយ​ទៅ​រស់​នៅ​ក្នុង​ភ្នំមួយ​នៅ​ក្នុង​ស្រុក​ចាន់​តុង។ គ្រួសារ​តូចនេះ​ហើយ ដែល​ជា​គ្រួសារ​របស់ “ខុងជឺ” ហើយមេទ័ព​នេះ​ហើយជាឳពុក​របស់​គាត់។ ដូច្នេះ​ ខុងជឺ បាន​មើ​លឃើញ​ពន្លឺ​ពិភពលោក ក្នុងទីងងឹត​នៃ​ក្រហែង​ថ្មភ្នំ ជិត​វាល​ចិញ្ចឹម​សត្វ​របស់​លោក​ម្ចាស់នៃ​សន្តតិវង្ស​លូ។ ពេល​ ខុងជឺ មក​ចាប់​កំណើត​ ម្តាយ​របស់​គាត់​បាន​សុបិននិមិត្ត​ឃើញមាននាគមួយ​សម្បុរ​ខៀវ​ហោះ​ពី​លើ​អាកាស ​ ទម្លុះ​ដុំ​ពពក​ខាប់​ ហើយ​ក៏​ចុះ​មក​លេង​ទឹក​សមុទ្ទ” (សូម​ជម្រាបជូនថា ប្រជាជន​ចិន​នៅ​ភាគ​កណ្តាល​ ពុំ​ស្គាល់​សមុទ្ទទេ ហើយ​ចាត់​ទុក​ទន្លេ​លឿង​ថា​ជា​សមុទ្ទ)។ នាគខៀវ​ចុះ​ហែល​កញ្ជ្រោក​បោក​បាច​ទឹក​អស់​ចិត្ត​ហើយ ក៏ផឹកទឹក​ពេញ​ពោះ​រួច​ទើប​ហោះ​ទៅ​លើ​មេឃ​វិញ។ ពេលនោះ​នាគ​បាន​ខ្ជាក់​ទឹក​ភ្លៀង​មក​លើ​ដី កើត​ទៅ​ជា​ភោគ​ផល​ចម្រើន​ដល់​កសិកម្ម​ដើម​ស្រូវ​ដុះ​គុម្ព​ធំៗ ខៀវ​ខ្ចី ឯចំណែក​ធម្មជាតិ​ទាំង​ឡាយ​ក៏​ហាក់​ដូច​ជា​ចាប់​កំណើត​ឡើង​វិញ​សារ​ជា​ថ្មី។ ម្តាយ​ ខុងជឺ បាន​និយាយ​ប្រាប់​ប្តី​ពី​សុបិននិមិត្ត​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ហាក់​បី​ ដូច​ជា​រឿង​និទាន។ លោក​មេទ័ព​ជា​បិតាខុងជឺ កាល​បាន​លឺក៏​កើត​បីតិសោមនស្ស​រីករាយ​ឥតឧបមា ហើយ​ប្រាប់​ប្រពន្ធថា ច្បាស់​ជាមាន​ភ្លៀង​ធំពុំ​ខាន ហើយ​កូន​ចៀម និង​ពពែ​ដែល​គាត់​ចិញ្ចឹមនឹង​បាន​ធំធាត់​ព្រោះ​សម្បូរ​ស្មៅ​ខ្ចី។ ក្រោយ​មក​ម្តាយ​ ខុងជឺ ក៏​មាន​ផ្ទៃពោះ ហើយ​សម្រាល​បាន​បុត្រ​មួយ​ដែល​មាន​សម្ផស្ស​ល្អ​ប្រិម​ប្រិយ តែ​ថ្ងៃកំណើត​របស់​ខុងជឺ ជា​ថ្ងៃ​សោកនាដកម្ម​ ព្រោះ​មាន​ភ្លៀង​ផ្គរ​ រន្ទះបាញ់រញ្ជួយ​ភ្នំ ព្រម​ទាំង​មាន​បុព្វហេតុមួយទៀត គួរ​ឲ្យ​តក់​ស្លុត គឺ​អ្នក​បម្រើ​ ដែល​មាន​អាយុ​ប្រមាណ ៥០ឆ្នាំ ធ្លាប់​ដើរ​តាម​បម្រើ​គ្រួសារ​នេះ​ជាយូរ​ណាស់​មក​ហើយនោះ បាន​ទទួល​មរណភាព​នៅ​ថ្ងៃនោះដែរ។​ កំណើត​ដ៏អស្ចារ្យ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ ពិចារណា​គ្រប់​គ្នា។ មតិខ្លះ​យល់ថា គាត់​ជា​ក្មេង​មា​ន​កំណើត​ចង្រៃ ហើយ​ខ្លះទៀត​ថា​កំណើត​របស់​គាត់​ជាមនុស្ស​មានបុណ្យ ព្រោះ​មាន​អព្ភូត​ហេតុ​ប្លែក​កើត​ឡើង។ ទស្សនៈ​សំខាន់ៗ​របស់ ខុង ជឺ​ បើ​អ្នក​គិត​ចង់​ធ្វើ​ធំ អ្នកនឹង​បានធ្វើ​ធំ បើ​អ្នក​ចង់​ទៅជា​អ្វី អ្នកនឹង​បាន​ទៅជា​យ៉ាងនោះ ដោយ​ការប្រព្រឹត្ត ពុំមែន​ដោយ​ការរង់ចាំ ដោយ​ការ​ប៉ិនប្រសប់ ពុំមែន​ដោយសារតែ​ឳ​កាស ដោយ​សមត្ថភាព ពុំមែន​ដោយ​ជោគវាសនា បើ​ធ្វើបាន​បែបនេះហើយ តើ​ព្រហ្ម​លិខិត​ឯណា​អាច​យក​ឈ្នះក្តី​អំណត់​ព្យាយាម​នោះ​? សត្វ​ធ្វើ​សម្បុក​ឲ្យ​មើល​ដើមឈើ បម្រើ​រើស​ចៅហ្វាយ​ឲ្យ​មើលចិត្ត​។​ មនុស្ស​អស្ចារ្យ​បំផុត​គឺ​អ្នកធ្វើ​ខ្លួន​ឲ្យ​សាមញ្ញ​បំផុត មនុស្ស​ដែល​ដាក់ខ្លួន​បាន​ទាប​បំផុត នឹង​ក្លាយ​មនុស្ស​អស្ចារ្យ​បំផុត មនុស្ស​មាន​កិត្តិយស គឺ​អ្នក​ដែ​ចេះ​ផ្តល់​កិត្តិយស​ដល់​អ្នកដទៃ​។​ បើ​គ្មាន​គំនិត​ពិចារណា បញ្ញា​ក៏​មិនកើត​។​ ឈើ​វៀច​ធ្វើ​កង់់ ឈើត្រង់​ធ្វើ​ទូក តែ​មនុស្ស​វៀចវេរ យកទៅ​ធ្វើ​អ្វី​ក៏​មិនកើត​ដែរ​។​ លេងអុក​កុំ​គិតតែ​ពី​រឿង​វាយលុក​តែ​ម្យ៉ាង ។​ លេងអុក​ត្រូវតែ​គិត លេងអុក​ជីវិត​មិន​ឲ្យ​គិត​ម៉េច​នឹង​កើត​? ពេល​ឃើញ​នរណាម្នាក់​ប្រព្រឹត្ត​ខុស សូម​លោកអ្នក​កុំ​ទាន់​ដៀលត្មះ​ឬ​ប្រកែក​តវ៉ា​នឹង​គេ ព្រោះ​បើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​បរិស្ថាន​ដូច​រូបគេ អ្នក​អាច​នឹង​ប្រព្រឹត្ត​ដូច​រូបគេ​ក៏មានដែរ​។​ ការគ្រប់គ្រង​គឺ​ការសម្រេច​ការងារ​ដោយ​អាស្រ័យ​លើ​សមត្ថភាព​អ្នកដទៃ​។​ អ្នកគ្រប់គ្រង​កម្រិត​ធម្មតា ប្រើ​សមត្ថភាព​របស់ខ្លួន​យ៉ាង​ពេញទំហឹង អ្នកគ្រប់គ្រង​កម្រិត​ម​ធ្យ​ម ប្រើ​កម្លាំង​របស់​អ្នកដទៃ​យ៉ាង​ពេញទំហឹង អ្នកគ្រប់គ្រង​កម្រិត​ខ្ពស់ ប្រើ​គំនិត​បញ្ញា​របស់​អ្នកដទៃ​យ៉ាង​ពេញទំហឹង​។​ បើ​ចេះ​មើល​មនុស្ស ចង់​ប្រាប់​ក៏​កើត ចង់​ប្រើ​ក៏​ងាយ ។ កាលបើ​អ្នកការទូត​និយាយថា {​មែន​} ឬ {​ប្រហែលជា​} នោះគេ​ចង់​មានន័យថា {​ប្រហែលជា​} កាលបើ​អ្នកការទូត​និយាយថា {​ប្រហែលជា​} នោះគេ​ចង់​មានន័យថា {​អត់​ទេ​} កាលបើ​អ្នកការទូត​និយាយថា {​អត់​ទេ​} នោះគេ​មិនមែនជា​អ្នកការ​ទួត​ទេ (​ព្រោះ​អ្នកការទូត​ដ៏​ល្អ​គេ​នឹងមិន​បដិសេធ​នរណា​ទេ​) ។ ពេល​សុភាពនារី​និយាយថា {​ទេ​} នាង​ចង់​មានន័យថា {​ប្រហែល​} ពេល​សុភាពនារី​និយាយថា {​ប្រហែល​} នាង​ចង់​មានន័យថា {​មែន​} ឬ {​បាន​} ពេល​សុភាពនារី​និយាយថា​{​មែន​} ឬ {​បាន​} នាង​មិនមែនជា​សុភាពនារី​ទេ (​ព្រោះ​សុភាពនារី​នឹងមិន​ទទួល​យល់ព្រម​ពី​អ្នកដទៃ​ដោយ​ងាយ​នោះទេ​)​។​ បើ​គិត​រឿង​ធំ សុំ​កុំ​ខ្វល់​រឿង​តូចតាច​។​ ភ្នែក​អាច​មើលឃើញ​វត្ថុ​នៅ​ពី​ចម្ងាយ តែ​មិនអាច​មើលឃើញ​ចិញ្ចើម​ខ្លួនឯង បានឡើយ​។​ មនុស្ស​ភាគច្រើន​យកចិត្តទុកដាក់​តែ​ផលប្រយោជន៍​រយៈ​ខ្លី​ប៉ុណ្ណោះ តែ​មនុស្ស​ឆ្លាត​ពិតប្រាកដ​គេ​នឹង​សម្លឹងមើល​ទៅដល់់​អនាគត​។​ មនុស្ស​ត្រូវ​សិក្សា​ស្វែងរក​ការពិត កុំ​ស្តាប់​តែ​គំនិត​គេ ឬ​ពាក្យ​និន្ទាឈ្នានីស មនុស្ស​មាន​មេត្តា​ត្រូវ​ឲ្យ​ឆ្លាត​ផង បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​គេ​បោក​បាន​ដោយ​ងាយមនុស្ស​ឆ្លាត​ត្រូវ​សិក្សា​ដឹង​រាក់​ជ្រៅ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រព្រឹត្ត​ខុស​ដោយ​ងាយ មនុស្ស​ស្មោះត្រង់ សុចរិត ក្លាហាន ត្រូវ​ឆ្លាត ត្រូវ​សិក្សា ព្រោះ​អាច​លេងសើច​ជ្រុល​នាំ​អំពល់​កើត​ភ័យ​ដល់​ខ្លួន អ្នកមានអំណាច​ត្រូវ​ខំ​សិក្សា​រៀនសូត្រ ព្រោះ​មនុស្ស​ជុំវិញ​អាច​រង​ការគំរាមកំហែង និង​ឆាប់​បង្ហាញ​ឲ្យ​ឃើញ​ភាព​ក្រអឺតក្រទម​។​ គុណធម៌​បីយ៉ាង​ដែល​បាន​ពី​ការរៀនសូត្រ​គឺ ចំណេះវិជ្ជា ក្តីមេត្តា​ករុណា និង​ភាពក្លាហាន​។​ ​ការរៀនសូត្រ​របស់​ម​នុស្ស​មាន​បីយ៉ាង ៖ ១. ដោយ​ការ​ត្រិះរិះ​ពិចារណា (​ខ្ពង់ខ្ពស់​បំផុត​) ២. ដោយ​រៀនសូត្រ​ពី​អ្នកដទៃ (​ងាយស្រួល​បំផុត​) ៣. ដោយ​បទពិសោធ (​ល្វីង​ជូរចត់​បំផុត​) បើ​អ្នក​ចេញដំណើរ​ទៅ​សងសឹក សូម​ជីក​ផ្នូរ​ពីរ​ទុក​ឲ្យ​ហើយ​។​ បើ​មិន​ចង់​ឲ្យ​គេ​ធ្វើអំពើ​អ្វី​មកលើ​ខ្លួនអែង សួ​ម​កុំ​ប្រព្រឹត្ត​អំពើ​នោះ​ទៅលើ​គេ​។​ ​ខុង ជឺ (​ភាសា​អង់គ្លេស​: Confucius, ភាសា​ចិន​: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវបាន​គេ​ស្គាល់​ថា “​លោកគ្រូ​ខុង​” (​តាម​ប្រតិទិន​បុរាណ​: ២៨ កញ្ញា ៥៥១ មុន គ​. ស – ៤៧៩ មុន គ​. ស​) គឺជា​មហា​ទស្សនវិទូ​ចិន​មួយរូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។​ ​ទស្សនវិជ្ជា​របស់គាត់ បានបញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការគ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាពស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុងសម័យ​រាជវង្ស​ហាន (២០៦ មុន គ​. ស – គ​.​ស​. ២២០) ។ ផ្នត់គំនិត​របស់​ខុង ជឺ ត្រូវបាន​វិ​វ​ឌ្ឍ​ទៅជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវបាន​គេ​ស្គាល់​ថា លទ្ធិ​ខុង​ជឺ ។ លទ្ធិ​នេះ ត្រូវបាន​នាំចូល​ទៅ​អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េ​ស៊ូ​អ៊ិត​ជាតិ​អ៊ីតាលី​ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ ខុង ជឺ ជា​ភាសាឡាតាំង​លើកដំបូង​ថា “Confucius” (​កុង​ហ្វ៊ូ​ស៊ី​យូ​ស​)​។​ ការបង្រៀន​របស់គាត់ អាច​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ចំណាន​អក្សរសាស្ត្រ​ខុង​ជឺ គឺជា​ការប្រមូលផ្ដុំ​សម្រង់​សុភាសិត​ខ្លី ដែល​ត្រូវបាន​គេ​ចងក្រង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំក្រោយ​មរណភាព​របស់​គាត់​។ ប្រវត្តិសាស្ត្រ​សម័យ​ទំនើប មិន​ជឿថា មាន​ឯកសារ​ជាក់លាក់​ណាមួយ អាច​បញ្ជាក់បាន​ថា ត្រូវបាន​សរសេរ​ដោយ​ខុង ជឺ នោះឡើយ​។ ប៉ុន្តែ អស់​រយៈពេល​ជិត ២,០០០ មកនេះ គាត់​ត្រូវបាន​គេ​ជឿថា ជា​អ្នក​កែសម្រួល ឬ ជា​អ្នកនិពន្ធ នូវ​គម្ពីរ​បុរាណ​ទាំង​ប្រាំ ដូចជា គម្ពីរ​ប្រតិបត្តិ​បញ្ញត្តិ​សាសនា​បុរាណ Classic of Rites (五經) (​អ្នក​កែសម្រួល​) និង​គម្ពីរ​និទាឃៈ​រដូវ​និង​សរទរដូវ Spring and Autumn Annals (春秋) (​អ្នកនិពន្ធ​) ។
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១-៥៧៩ មុន​ គ.ស.)
តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយ​មានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មាន​លក្ខណៈ​ជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជា​ពិសេសចំពោះជនជាតិចិននាសម័យនោះ។
ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកប​ដោយ​ភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបាន​តែនៅក្នុង​ទំនាក់​ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយ​ប្រកាន់ខ្ជាប់នូវសីលធម៌ គុណ​ធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
- អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
- ឪពុកម្ដាយ ចំពោះកូន
- ប្ដី ចំពោះប្រពន្ធ
- មនុស្សចាស់ ចំពោះក្មេង​ ហើយនិង
- មិត្តភក្ដិ ចំពោះ មិត្តភក្ដិ ( ២១) ។
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមាន​ការ​ប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និង​​មុខងារ​តួនាទីរប​ស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់​គ្រង ឪពុកគឺ​ឪពុក ហើយកូន គឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗ​គ្នា​។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិន​ចាត់​ទុកថាជាបុគ្គលល្អបានដែរ​។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក​
គ្រប់​គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ
ហើយបង្កើត
គុណ​ធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត​ ក្នុងការគ្រប់​គ្រងប្រជាជនរបស់ខ្លួន ។
មេត្តាធម៌ៈ
តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
ភាពម៉ឺងម៉ាត់ៈ
មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
បញ្ញាៈ
ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុ​និង​ផល
សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បាន​ហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។​លោក​​ចាត់​​ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះ​អំពើ​ឃោរឃៅ អមនុស្ស​ធម៌ ដែលមនុស្សមួយចំនួនបាន​ប្រព្រឹត្តទៅលើ​សត្វ និង​ ទៅលើ​មនុស្សគ្នាឯង ដូច​ករណី​កងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅ​លើចុងលំពែង ចាប់​មនុស្ស​យក​ទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យ​ស្លាប់ដោយទារុណកម្ម -ល- ។ អំពើ​ទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យ​ហ៊ាន​ទទួល​ស្គាល់នូវ​ទង្វើ​រ​បស់​ខ្លួនដែលបានប្រព្រឹត្តកន្លងមក​ ទោះបីជាអំពើល្អ ឬ​អំពើ​អាក្រក់​ក្ដី​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​ប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណ​កម្ម​ឲ្យសម​នឹង​កំហុស​ដែល​​គេបាន​សាង​​​។ ប្រសិន​បើកំហុសនោះធ្ងន់ដល់ប្រហារជីវិត​ អ្នក​ទោស​ត្រូវ​ហ៊ាន​ធ្វើអត្ត​ឃាត​ខ្លួនឯង​...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀន​ខ្មាស ត្រូវ​ចេះ​យល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត​។ ម៉្យាងទៀតឲ្យ​មនុស្ស​បណ្ដុះ​នូវ​សេចក្ដី​ស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ​។
អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នក​ដទៃជាមុនសិន ។
អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ​
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពី​ទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើ​មិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើ​មនុស្សក្រោមបង្គាប់អ្នក ( ២២)។
ខុង ជឺ​បានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះ​អាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិ​សម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺ​ជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយ​ផង​ដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាព​ជា​មនុស្ស​ពិត​ប្រា​កដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។​ តាម​ទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណី​គឺជាកត្តាចម្បងបំផុត សម្រាប់ការ​រស់​​​​​នៅរបស់មនុស្សនៅក្នុងសង្គម ។
ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើ​ឲ្យ​ប្រ​ព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់​អា​រម្មណ៍​គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវ​ភា​ព​​រ​បស់បុគ្គល គ្រួសារ សង្គម​។​ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូល​ដ្ឋាន​​ក្នុង​ការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិត​ប្រា​កដ
( ២៣) ។
( ២១) ប៉ាន់ វុត្ថា, ទស្សនវិជ្ជា, (ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ២០១០), ៣៩ ។
( ២២) ឥន្ទ ឱមសាម៉េង,
ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ ,​ (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤),​៣១១។
( ២៣) ង៉ែត សារឿន,​ រៀបរៀង,
ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១)​, ២៧-២៩។
​ ប្រភពឯកសារ៖ សៀវភៅ La Philoso Phie De Confucius, Edit Payot, Paris និង សៀវភៅ Confusius the man and the myth ប្លុក meunthea.blogspot.com http://vokk.net


Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment