ប្រហែលជិត ២០០ឆ្នាំ មុនគ.ស នៅប្រទេសចិនខាងជើង កើតមានរាជាណាចក្រមួយប្រកបដោយអរិយធម៌ភ្លឺរុងរឿង គឺរជ្ជកាលមហាចាង ដែលមានរាជធានីនៅក្រុង ឆាង យ៉ាង។ អ្នកប្រាជ្ញខាងប្រវត្តិវិទ្យាសម័យថ្មីបានដាក់ឈ្មោះសម័យដ៏យូរ លង់នោះ ថា “យុគសំរិទ្ធិ”។ ប្រជាជនអ្នកនរគរមានជីវភាព រស់នៅយ៉ាងសម្បូរសប្បាយ ព្រោះភោគទ្រព្យធម្មជាតិ របរកសិកម្មនេសាទ និងការចិញ្ចឹមសត្វជាដើម បានជួយគាំទ្រមនុស្សលោកនៅក្នុងទីនេះឲ្យរួចចាកពីការ អត់ឃ្លានទុរភិក្ស។ តែលក្ខណៈសាសនា និង ជំនឿទៅលើលោកធាតុ ជាគ្រឿងសក្តិសិទ្ធិ ដែលសន្តតិវង្សចាង បើកដៃឲ្យសង្គមប្រពៃណីខ្លួនអនុវត្តទៅលើប្រជាជននោះ គឺជាទុក្ខចារកិច្ចសម្រាប់ប្រជាពលករ។ វាមានលក្ខណៈឃោរឃៅដែលអ្នកស្រុកអ្នកភូមិភ័យខ្លាចជាងសង្គ្រាមរបស់ អនារ្យប្រជាគមសាបព្រោះមកលើពួកគេនោះទៅទៀត។ សន្តតិវង្សចាង បានបើកដៃឲ្យអាចារ្យសាសនាប្រារព្វពិធីបូជាមនុស្ស កាប់សម្លាប់ប្រជាជនរាប់ពាន់នាក់ និងសេះរាប់រយក្បាល ជីកកប់វត្ថុដ៏មានតម្លៃផ្សេងៗ មានរថល្អៗ គ្រឿងសាស្ត្រាវុធ យុទ្ធភណ្ឌដែលមានដាំត្បូងគុជ មាស ពេជ្រ ព្រមទាំងរបស់ប្រើប្រាស់ដ៏មានតម្លៃច្រើនទៀត ដូចជាផើងជើងបីធ្វើពីសំរិទ្ធិបញ្ចុះទៅក្នុងផ្នូរជាមួយនឹងសាកសព កាលណាព្រះមហាក្សត្រ ឬញាតិវង្សណាម្នាក់ចូលទីវង្គតទៅ។ លក្ខណៈជំនឿទៅលើភាព “សក្តិសិទ្ធិ” នេះពុំគ្រាន់តែស្ថិតក្នុងរង្វង់រាជវាំងប៉ុណ្ណោះទេ តែវាបានសាយភាយសព្វគ្រប់ច្រកល្ហក និងខាំជាប់ក្នុងផ្នត់អារម្មណ៍ប្រជាជនចិនទាំងមូល សូម្បីតែជាងស្មិត ឬជាងសាងសាស្ត្រាវុធក៏បានប្រើវិធីសម្លាប់មនុស្ស ដើម្បីយកឈាមមកស្លលាយនៅក្នុងលោហធាតុរបស់ខ្លួនដែរ។ ម្យ៉ាងទៀត គេតែងមានជំនឿថា “មនុសស្ដែលគេពិឃាត នឹងក្លាយទៅជាអសុរកាយ ចាំថែរក្សាវត្ថុសក្តិសិទ្ធិទាំងនេះអស់កាលជាអង្វែងទៅ”។ នៅសម័យមហាចាង មេទ័ពទាំងឡាយ ច្រើននាំគ្នាគោរពភ្លើងហើយព្រមទាំងចាត់ទុកភ្លើងជាអាទិទេពរបស់ គេ។ តាមគម្ពីរចិន ដែលជាឯកសារកាលប្បវត្តិនោះ បានតំណាលថា៖ “កាលនោះ មាននាម៉ឺនចាស់ម្នាក់ឈ្មោះ “ខុង” ជិនណាយនឹងជីវិតកាប់សម្លាប់ និងបូជារបស់សន្តតិវង្សចាង ក៏បានភៀសខ្លួនចេញពីរាជធានី អាង យ៉ាង ដោយនាំយកទាំងគម្ពីរក្បួនខ្នាតចាង ខ្លះយកទៅជាមួយផង ហើយបានតាំងទីលំនៅលើជ្រលងភ្នំមួយឈ្មោះ “ភ្នំពពក”។ បើតាមសម្តីរបស់លោក វូ ជី “នាម៉ឺនខុង បានរស់ក្នុងសភាពជាតាបស។ ប៉ុន្តែលោកវូជី បានបញ្ជាក់ថា “ខុងពុំជឿទៅលើព្រះអាទិទេព ឬស្ថានសួគ៌អ្វីទេ គឺជឿទៅលើសេចក្តីស្ងប់ស្ងាត់ដែលកើតមានក្នុងអារម្មណ៍គាត់ប៉ុណ្ណោះ”។ ក្រោយមក ”ខុង” ក៏បែកគំនិតថា “ការធ្វើសមាធិកម្មរបស់គាត់ជាអំពោះដែលមនុស្សជាន់ខ្ពស់ ទើបអាចឈោងដល់”។ ហើយតាំងពីថ្ងៃនោះមក គាត់ក៏មានជំនឿថា “បើព្រលឹងរបស់គាត់ផុតរលត់ទៅនៅពេលណា ហើយប្រសិនជាបានកើតជាថ្មី នោះនឹងបានស្អាតហើយបរិសុទ្ធជាងអ្នកដទៃ ព្រោះភ្នែកគាត់ឈប់មើលឃើញការពិឃាតមនុស្សទៀតហើយ”។ តាមសម្តីរបស់អ្នកប្រាជ្ញ លីជី (Legge) បានពោលថា “គ្រួសារខុងរស់នៅលើ ”ភ្នំពពក” អស់ ៦ តំណមនុស្សទើបរាជវង្សចាងជំនាន់ក្រោយ ហៅឲ្យចូលទៅបម្រើរាជវង្សក្នុងវាំងស្តេចវិញ”។ ក្រោយមកនៅពេលអាណាចក្រចាង ត្រូវពួកអានារ្យប្រជាគមមកពីជ្រលងភ្នំវៃ (Wei) សម្លាប់ផុតពូជហើយ ព្រមទាំងយករាជវាំង អាង យ៉ាង ជាទីតាំងរបស់ខ្លួន នោះមានសេបតីធំជាច្រើនបានវេចខ្ចប់ក្បួនខ្នាតគម្ពីរក្នុងរាជវាំង ចាង យកទៅតាមខ្លួនគ្រប់គ្នា។ ដូច្នេះនៅឆ្នាំ ១០២៧ មុនគ.ស ដែលពួកអានារ្យប្រជាគមបានគ្រប់គ្រងលើទឹកដី ចាង ហើយពួកនោះបានដាក់ឈ្មោះសន្តតិវង្សខ្លួនថា ចូវ (Tcheou) រហូតមក។ សមាជិកត្រកូល ”ខុង” បានភៀសខ្លួនទៅពួនបន្លំរស់នៅជាមួយប្រជាជនក្នុងរជ្ជកាល ចូវ អស់ ៥ តំណមនុស្សទៀត ទើបបានធ្វើដំណើរចូលទៅរស់នៅក្នុង សន្តតិវង្សឈ្មោះ លូ នៅតាមមាត់ទន្លេលឿងនៃស្រុកចាន់តុង។ គឺនៅក្នុងដែនដីនេះហើយ ដែលគេប្រទះឃើញគ្រួសារមួយមានសមាជិកបីនាក់គឺ ប្តីប្រពន្ធ និងបាវបម្រើប្រុសម្នាក់។ មេគ្រួសារមានឋានៈជាមេទ័ពសង្កាត់នៅក្នុងអាណាចក្រលូ ជានាយទាហានមានមុខងារបើកបររថទឹមដោយសេះ ៦។ លោក វូជី បានពោលថា ប្រហែលជាគ្រួសារតូចនេះបានទទួលបណ្តាំពីដូនតារបស់ខ្លួន ពីរឿងអាថ៌កំបាំងអ្វីមួយមុនពេលស្លាប់ក៏ពុំដឹង បានជាមេទ័ពក្មេងនេះបានលាលែងពីដំណែងរបស់ខ្លួន ហើយទៅរស់នៅក្នុងភ្នំមួយនៅក្នុងស្រុកចាន់តុង។ គ្រួសារតូចនេះហើយ ដែលជាគ្រួសាររបស់ “ខុងជឺ” ហើយមេទ័ពនេះហើយជាឳពុករបស់គាត់។ ដូច្នេះ ខុងជឺ បានមើលឃើញពន្លឺពិភពលោក ក្នុងទីងងឹតនៃក្រហែងថ្មភ្នំ ជិតវាលចិញ្ចឹមសត្វរបស់លោកម្ចាស់នៃសន្តតិវង្សលូ។ ពេល ខុងជឺ មកចាប់កំណើត ម្តាយរបស់គាត់បានសុបិននិមិត្តឃើញមាននាគមួយសម្បុរខៀវហោះពីលើអាកាស ទម្លុះដុំពពកខាប់ ហើយក៏ចុះមកលេងទឹកសមុទ្ទ” (សូមជម្រាបជូនថា ប្រជាជនចិននៅភាគកណ្តាល ពុំស្គាល់សមុទ្ទទេ ហើយចាត់ទុកទន្លេលឿងថាជាសមុទ្ទ)។ នាគខៀវចុះហែលកញ្ជ្រោកបោកបាចទឹកអស់ចិត្តហើយ ក៏ផឹកទឹកពេញពោះរួចទើបហោះទៅលើមេឃវិញ។ ពេលនោះនាគបានខ្ជាក់ទឹកភ្លៀងមកលើដី កើតទៅជាភោគផលចម្រើនដល់កសិកម្មដើមស្រូវដុះគុម្ពធំៗ ខៀវខ្ចី ឯចំណែកធម្មជាតិទាំងឡាយក៏ហាក់ដូចជាចាប់កំណើតឡើងវិញសារជាថ្មី។ ម្តាយ ខុងជឺ បាននិយាយប្រាប់ប្តីពីសុបិននិមិត្តរបស់ខ្លួនដែលមានលក្ខណៈហាក់បី ដូចជារឿងនិទាន។ លោកមេទ័ពជាបិតាខុងជឺ កាលបានលឺក៏កើតបីតិសោមនស្សរីករាយឥតឧបមា ហើយប្រាប់ប្រពន្ធថា ច្បាស់ជាមានភ្លៀងធំពុំខាន ហើយកូនចៀម និងពពែដែលគាត់ចិញ្ចឹមនឹងបានធំធាត់ព្រោះសម្បូរស្មៅខ្ចី។ ក្រោយមកម្តាយ ខុងជឺ ក៏មានផ្ទៃពោះ ហើយសម្រាលបានបុត្រមួយដែលមានសម្ផស្សល្អប្រិមប្រិយ តែថ្ងៃកំណើតរបស់ខុងជឺ ជាថ្ងៃសោកនាដកម្ម ព្រោះមានភ្លៀងផ្គរ រន្ទះបាញ់រញ្ជួយភ្នំ ព្រមទាំងមានបុព្វហេតុមួយទៀត គួរឲ្យតក់ស្លុត គឺអ្នកបម្រើ ដែលមានអាយុប្រមាណ ៥០ឆ្នាំ ធ្លាប់ដើរតាមបម្រើគ្រួសារនេះជាយូរណាស់មកហើយនោះ បានទទួលមរណភាពនៅថ្ងៃនោះដែរ។ កំណើតដ៏អស្ចារ្យនេះបានធ្វើឲ្យគេ ពិចារណាគ្រប់គ្នា។ មតិខ្លះយល់ថា គាត់ជាក្មេងមានកំណើតចង្រៃ ហើយខ្លះទៀតថាកំណើតរបស់គាត់ជាមនុស្សមានបុណ្យ ព្រោះមានអព្ភូតហេតុប្លែកកើតឡើង។ ទស្សនៈសំខាន់ៗរបស់ ខុង ជឺ បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស ដោយសមត្ថភាព ពុំមែនដោយជោគវាសនា បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ? សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។ មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។ បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។ ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។ លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង ។ លេងអុកត្រូវតែគិត លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត? ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។ ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។ អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។ បើចេះមើលមនុស្ស ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ ។ កាលបើអ្នកការទូតនិយាយថា {មែន} ឬ {ប្រហែលជា} នោះគេចង់មានន័យថា {ប្រហែលជា} កាលបើអ្នកការទូតនិយាយថា {ប្រហែលជា} នោះគេចង់មានន័យថា {អត់ទេ} កាលបើអ្នកការទូតនិយាយថា {អត់ទេ} នោះគេមិនមែនជាអ្នកការទួតទេ (ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ) ។ ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា {ប្រហែល} ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន} ឬ {បាន} ពេលសុភាពនារីនិយាយថា{មែន} ឬ {បាន} នាងមិនមែនជាសុភាពនារីទេ (ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។ បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។ ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនឯង បានឡើយ។ មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។ មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយមនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ មនុស្សស្មោះត្រង់ សុចរិត ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។ គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។ ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង ៖ ១. ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត) ២. ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត) ៣. ដោយបទពិសោធ (ល្វីងជូរចត់បំផុត) បើអ្នកចេញដំណើរទៅសងសឹក សូមជីកផ្នូរពីរទុកឲ្យហើយ។ បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនអែង សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។ ខុង ជឺ (ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា “លោកគ្រូខុង” (តាមប្រតិទិនបុរាណ: ២៨ កញ្ញា ៥៥១ មុន គ. ស – ៤៧៩ មុន គ. ស) គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន និងវៀតណាម។ ទស្សនវិជ្ជារបស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យរាជវង្សហាន (២០៦ មុន គ. ស – គ.ស. ២២០) ។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ ។ លទ្ធិនេះ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះ ខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា “Confucius” (កុងហ្វ៊ូស៊ីយូស)។ ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូលផ្ដុំសម្រង់សុភាសិតខ្លី ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយមរណភាពរបស់គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃៈរដូវនិងសរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ) ។
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១-៥៧៩ មុន គ.ស.)
តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយមានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មានលក្ខណៈជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជាពិសេសចំពោះជនជាតិចិននាសម័យនោះ។
ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកបដោយភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបានតែនៅក្នុងទំនាក់ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
- អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
- ឪពុកម្ដាយ ចំពោះកូន
- ប្ដី ចំពោះប្រពន្ធ
- មនុស្សចាស់ ចំពោះក្មេង ហើយនិង
- មិត្តភក្ដិ ចំពោះ មិត្តភក្ដិ ( ២១) ។
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមានការប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និងមុខងារតួនាទីរបស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់គ្រង ឪពុកគឺឪពុក ហើយកូន គឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗគ្នា។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិនចាត់ទុកថាជាបុគ្គលល្អបានដែរ។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក
គ្រប់គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ
ហើយបង្កើត
គុណធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត ក្នុងការគ្រប់គ្រងប្រជាជនរបស់ខ្លួន ។
មេត្តាធម៌ៈ
តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
ភាពម៉ឺងម៉ាត់ៈ
មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
បញ្ញាៈ
ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុនិងផល
សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។លោកចាត់ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលមនុស្សមួយចំនួនបានប្រព្រឹត្តទៅលើសត្វ និង ទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យស្លាប់ដោយទារុណកម្ម -ល- ។ អំពើទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យហ៊ានទទួលស្គាល់នូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក ទោះបីជាអំពើល្អ ឬអំពើអាក្រក់ក្ដីនៅចំពោះមុខច្បាប់។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណកម្មឲ្យសមនឹងកំហុសដែលគេបានសាង។ ប្រសិនបើកំហុសនោះធ្ងន់ដល់ប្រហារជីវិត អ្នកទោសត្រូវហ៊ានធ្វើអត្តឃាតខ្លួនឯង...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀនខ្មាស ត្រូវចេះយល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត។ ម៉្យាងទៀតឲ្យមនុស្សបណ្ដុះនូវសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ។
អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន ។
អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើមិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើមនុស្សក្រោមបង្គាប់អ្នក ( ២២)។
ខុង ជឺបានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះអាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិសម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយផងដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាពជាមនុស្សពិតប្រាកដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។ តាមទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណីគឺជាកត្តាចម្បងបំផុត សម្រាប់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម ។
ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើឲ្យប្រព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវភាពរបស់បុគ្គល គ្រួសារ សង្គម។ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដ
( ២៣) ។
( ២១) ប៉ាន់ វុត្ថា, ទស្សនវិជ្ជា, (ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ២០១០), ៣៩ ។
( ២២) ឥន្ទ ឱមសាម៉េង,
ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ , (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤),៣១១។
( ២៣) ង៉ែត សារឿន, រៀបរៀង,
ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា,២០១១), ២៧-២៩។
ប្រភពឯកសារ៖ សៀវភៅ La Philoso Phie De Confucius, Edit Payot, Paris និង សៀវភៅ Confusius the man and the myth ប្លុក meunthea.blogspot.com http://vokk.net
0 comments:
Post a Comment